សុខភាព
ព័ត៌មានសុខភាព
ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរដូចជាពិបាកដកដង្ហើម សូមទូរសព្ទទៅលេខ 000 ដើម្បីសុំជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។
រោគសញ្ញានៃវីរុសកូរ៉ូណា (coronavirus) រួមមាន៖
- គ្រុនក្ដៅ
- ក្អក
- ឈឺបំពង់ក
- ដង្ហើមខ្លី។
រោគសញ្ញាផ្សេងទៀតអាចរួមមានការហៀរសំបោរ ឈឺក្បាល ឈឺសាច់ដុំ ឬឈឺសន្លាក់ រមួលចង្អោរ រាគរុស ក្អួត បាត់បង់វិញ្ញាណហិតក្លិន វិញ្ញាណភ្លក់រសជាតិបានប្រែប្រួល បាត់បង់ការឃ្លាន និងអស់កម្លាំង។
ប្រសិនបើអ្នកឈឺហើយគិតថាអ្នកអាចមានវីរុសកូរ៉ូណា (coronavirus) សូមស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។
អ្នកអាចទូរសព្ទទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណា (coronavirus) ថ្នាក់ជាតិតាមលេខ 1800 020 080 សម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើអ្នកត្រូវជំនួយអ្នកបកប្រែផ្ទាល់មាត់ជាភាសារបស់អ្នក សូមហៅទូរសព្ទទៅលេខ 131 450។
គេហទំព័រ របស់ក្រសួងសុខាភិបាល មានព័ត៌មានជាច្រើនដែលអាចរកបាន ជាភាសានានាក្រៅពីភាសាអង់គ្លេស ដើម្បីជួយប្រជាជនឱ្យបន្តស្នាក់នៅមានសុវត្ថិភាពនិងកាត់បន្ថយជាអប្បបរមានៃហានិភ័យដល់សហគមន៍។
ធនធានជាភាសាបន្ថែមទៀតអាចរកឃើញមាននៅឯ www.sbs.com.au/language/coronavirus។
ការធ្វើតេស្ត និងការព្យាបាល COVID-19
ទោះបីអ្នកមិនមានទិដ្ឋាការ ឬមិនប្រាកដអំពីស្ថានភាពទិដ្ឋាការរបស់អ្នកក៏ដោយ អ្នកត្រូវតែធ្វើតាមការណែនាំសុខភាពសាធារណៈ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន និងមានរោគសញ្ញានានា មិនថារោគសញ្ញាទាំងនោះស្រាលយ៉ាងណាក៏ដោយ អ្នកគួរតែស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ និងធ្វើតេស្តរក មើល COVID-19។
រកមើល គ្លីនិកផ្នែកផ្លូវដង្ហើម COVID-19 ដែលនៅជិតអ្នកបំផុត។
បន្តស្នាក់នៅមានសុវត្ថិភាព
- អនុវត្តអនាម័យល្អជានិច្ច លាងដៃរបស់អ្នករយៈពេល 20 វិនាទីជាមួយសាប៊ូ និងទឹក គ្របការក្អករបស់អ្នក ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់អ្នក។
- រក្សាគម្លាតសង្គមចម្ងាយយ៉ាងហោចណាស់ 1.5 ម៉ែត្រ នៅពេលនៅខាងក្រៅផ្ទះរបស់អ្នក។
- ជៀសវាងការស្វាគមន៍តាមរាងកាយ ដូចជាការចាប់ដៃ ការឱប និងការថើប។
- អនុវត្តការប្រុងប្រយ័ត្នបន្ថែម ប្រសិនបើអ្នកកំពុងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។
- ជៀសវាងហ្វូងមនុស្ស និងការជួបជុំសាធារណៈធំៗ។
- ទទួលបានព័ត៌មានល្អ - ប្រើប្រាស់តែព័ត៌មានផ្លូវការដែលទុកចិត្តបាន។ ទាញយកកម្មវិធីទូរសព្ទដៃ វីរុសកូរ៉ូណាអូស្រ្តាលី (Coronavirus Australia) សូមជាវ សេវាវីរុសកូរ៉ូណាអូស្រ្តាលី Coronavirus Australia WhatsApp និងចូលមើលគេហទំព័រ www.australia.gov.au សម្រាប់ព័ត៌មានចុងក្រោយបំផុត។
ខ្សែទូរសព្ទជំនួយ COVID-19 សម្រាប់មនុស្សដែលមានអាយុកាន់តែចាស់
ខ្សែទូរសព្ទជំនួយ COVID-19 សម្រាប់មនុស្សដែលមានអាយុកាន់តែចាស់ ផ្តល់ព័ត៌មាន ជួយគាំទ្រ និងភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនអូស្រ្តាលីដែលមានអាយុកាន់តែចាស់។
មនុស្សមានអាយុកាន់តែចាស់មួយចំនួនងាយរងគ្រោះដោយ COVID-19 ប៉ុន្តែមានការភ្ជាប់ទៅអ៊ីនធឺណិតតិច និងត្រូវការមធ្យោបាយដើម្បីទទួលបានព័ត៌មានសម្រាប់កាលៈទេសៈរបស់ពួកគេ។ ខ្សែទូរសព្ទជំនួយ COVID-19 សម្រាប់មនុស្សដែលមានអាយុកាន់តែចាស់ ផ្តល់ព័ត៌មាន និងជំនួយ។
ប្រជាជនអូស្រ្តាលីដែលមានអាយុកាន់តែចាស់ ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកថែទាំរបស់ពួកគេ អាចធ្វើការហៅទូរសព្ទដោយឥតគិតថ្លៃទៅលេខ 1800 171 866 ប្រសិនបើពួកគេ៖
- ចង់និយាយជាមួយនរណាម្នាក់អំពីការរឹតត្បិតលើ COVID-19 និងផលប៉ះពាល់នៃការរឹតត្បិតទាំងនោះទៅលើពួកគេ
- មានអារម្មណ៍ឯកា ឬព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់
- ថែទាំនរណាម្នាក់ ហើយត្រូវការព័ត៌មានមួយចំនួន ឬចង់និយាយទៅកាន់នរណាម្នាក់
- ត្រូវការជំនួយ ឬដំបូន្មានអំពីការផ្លាស់ប្តូរសេវាថែទាំមនុស្សចាស់ដែលពួកគេកំពុងទទួល
- ត្រូវការជំនួយដើម្បីចូលប្រើប្រាស់សេវាថែទាំថ្មី ឬការផ្គត់ផ្គង់សំខាន់ៗដូចជាការទិញទំនិញ
- មានការព្រួយបារម្ភអំពីខ្លួនឯង មិត្តភក្តិ ឬសមាជិកគ្រួសារដែលគំពុងរស់នៅមានជំងឺវង្វេងស្មារតី
- ចង់ចាត់ចែងឱ្យមានការពិនិត្យមើលសុខុមាលភាពមួយដង ឬជាប្រចាំសម្រាប់ផ្ទាល់ខ្លួនពួកគេ ឬសម្រាប់អ្នកណាផ្សេងទៀត។
ប្រជាជនអូស្រ្តាលីដែលមានអាយុកាន់តែចាស់ សាច់ញាតិ អ្នកថែទាំ មិត្តភក្តិ ឬអ្នកជួយគាំទ្ររបស់ពួកគេ អាចទូរសព្ទទៅលេខ 1800 171 866 ចាប់ពីម៉ោង 8.30 ព្រឹក ដល់ម៉ោង 6 ល្ងាច ម៉ោងអូស្ត្រាលីស្ដង់ដារភាគខាងកើត (AEST) នៅថ្ងៃធ្វើការសម្រាប់ព័ត៌មាន ឬសេវាកម្មណាមួយដែលពួកគេត្រូវការ។